ភ្នំពេញ៖ ប្រធានសមាគមសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ហៅកាត់ថា JCIA បានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយជ្រោមជ្រែង ដល់វិនិយោគិនរបស់ខ្លួន ក្នុងការបើកក្រុមហ៊ុនបណ្តុះបណ្តាលពលករ នៅកម្ពុជា សម្រាប់នាំទៅធ្វើការនៅប្រទេសជប៉ុន ។
ការដាក់សំណើរនេះ បានធ្វើឡើងក្នុងជំនួបរវាង លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូវិនិយោគិន ជប៉ុនមួយក្រុម ដែលដឹកនាំដោយ លោក Fumio Yamada ប្រធាន JCIA នៅក្រសួងការងារ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥នេះ ។
Fumio Yamada បានលើកឡើងថា រូបលោកពិតជាចង់ឱ្យមានការអភិវឌ្ឍន៍នៅកម្ពុជា ជាក់ស្តែងពេលនេះ លោកដឹកនាំគណៈប្រតិភូ ដែលមានជំនាញខាងផ្នែកសំណង់ កសិកម្ម ថាមពលពន្លឺព្រះអាទិត្យ (solar panel) និងគណនី ក្នុងគោលដៅបើកក្រុមហ៊ុន និងផ្តល់ការបណ្តុះបណ្តាលនៅកម្ពុជា។ លោកថា ក្នុងចំណោមប្រតិភូ ដែលមានវត្តមានទីនេះ ក៏មានអ្នកដែលបានបង្កើតក្រុមហ៊ុន នាំចេញពលករទៅធ្វើការនៅប្រទេសជប៉ុនរួចហើយដែរ។ លោក Fumio ក៏ស្នើឱ្យមានកិច្ចសហប្រតិបត្តិការ ដ៏ប្រសើរមួយបន្តទៀត និងការជួយជ្រោមជ្រែងពីក្រសួង។
ចំពោះសំណើរនេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានបញ្ជាក់ថា ពាក់ព័ន្ធផ្នែកសំណង់ កសិកម្ម ថាមពលពន្លឺព្រះអាទិត្យ (solar panel) និងគណនី គឺពិតជាមានសារសំខាន់ខ្លាំងណាស់។ លោក បន្តទៀតថា នេះជាឱកាសសម្រាប់យុវជនកម្ពុជា បានធ្វើការជាមួយក្រុមហ៊ុនជប៉ុន និងបានទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសទៀតផង។ សម្រាប់ឱកាសការងារ នៅប្រទេសជប៉ុន វាក៏ជារឿងដ៏ល្អមួយសម្រាប់កម្ពុជា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការ ខាងផ្នែកនីតិវិធីច្បាប់ នៃការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីកម្ពុជា ឱ្យទៅទទួលការបណ្តុះបណ្តាល និងបំរើការងារនៅប្រទេសជប៉ុន។
លោករដ្ឋមន្រ្តីបានបន្ថែមថា ការងារដែលបានលើកឡើងខាងលើ ពិតជាស្របទៅតាមគោលការណ៍ក្រសួងដែលចង់ពង្រីកការបណ្តុះបណ្តាល ក៏ដូចជាការស្វែងរកនូវឱកាសការងារជូនយុវជនកម្ពុជា ក្រសួងរង់ចាំសហការយ៉ាងពេញទំហឹង។ ជាចុងក្រោយ លោក អ៊ិត សំហេង និងលោក Fumio yamada មានគម្រោងឱ្យមានសន្និសីទ សារព័ត៌មាន រួមគ្នាមួយនៅ ប្រទេសជប៉ុនអំឡុងខែតុលា ឆ្នាំ២០១៥នេះ អំពីកិច្ចសហប្រតិបត្តិការ ក្នុងពេលកន្លងមក និងសម្រាប់ថ្ងៃអនាគត ក្នុងដំណើរទស្សនកិច្ចការងារ នៅប្រទេសជប៉ុន របស់លោក អ៊ិត សំហេង៕









0 comments:
Post a Comment