Monday, May 18, 2015

រថយន្ត Ford Mustang 2015 គឺ​ជា​​រថយន្ត​ដែល​ទទួល​បាន​សុវត្ថិ​ភាព​ខ្ពស់​ជាង​គេ

បរទេស៖ រថយន្ត Ford Mustang ឆ្នាំ២០១៥ បានជាប់ចំណាត់ ថ្នាក់ជារថយន្តមានសុវត្ថិភាពខ្ពស់ទទួលស្គាល់ ដោយរដ្ឋបាលជាតិទទួលបន្ទុក ផ្នែកសុវត្ថិភាពចរាចរណ៍ (National Highway Traffic Safety Administration) ។ រថយន្ត Ford Mustang ទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ដែលមានពិន្ទុខ្ពស់ជាងគេ ទៅលើប្រព័ន្ធសុវត្ថិភាពទាំងអស់ នៃរថយន្តដែលឆ្លងកាត់ការសាកល្បងនៃ កម្មវិធីវាយតម្លៃរថយន្តថ្មី (New Car Assessment Program) ។
កម្មវិធីវាយតម្លៃរថយន្តថ្មីនេះ គឺជាកម្មវិធីដែលបង្កើតឡើងដោយរដ្ឋបាល ទទួលបន្ទុកផ្នែកសុវត្ថិភាពចរាចរណ៍ក្នុង គោលបំណង ដើម្បីសាកល្បងនូវគុណភាពសុវត្ថិភាពរបស់រថយន្ត ក៏ដូចជា ដើម្បីបង្កានូវគ្រោះថ្នាក់ចរាចរណ៍ដែល កើតឡើងបណ្តាលមកពីបញ្ហាបច្ចេកទេសរថយន្ត ។ ការទទួលស្គាល់នូវគុណភាពនៃសុវត្ថិភាពរបស់រថយន្ត Ford Mustang ដែលត្រូវបានទទួលចំណាត់ថ្នាក់ផ្កាយ៥នោះ គឺផ្តោតទៅលើការសាកល្បង ទៅលើរថយន្ត ដោយផ្ទាល់ដែលរួមមាន ការសាកល្បងការបុកទង្គិចពីខាងមុខ ក៏ដូចជាការបុកទង្គិច ផ្នែកសងខាងរថយន្ត និងការសាកល្បង ទៅលើរថយន្តនៅពេលដែលក្រឡាប់ផងដែរ ។
នៅក្នុងឱកាសនេះដែរ លោក Carl Widman ដែលជាប្រធានក្រុមអ្នកជំនាញផ្នែកផលិតរថយន្តបានបញ្ជាក់ថា «រថយន្ត Ford Mustang ស៊េរីថ្មីដែលផលិតឡើងនេះសុទ្ធសឹងតែឆ្លងកាត់ការត្រួតពិនិត្យ ទៅលើប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពយ៉ាងយកចិត្តទុកដាក់ ជាពិសេសទៅលើតួរថយន្តផ្នែកខាងក្រោម ដែលធ្វើឲ្យរថយន្តនេះជារថយន្តដែល ទទួលការពេញនិយម និងចូលចិត្ត ពីសំណាក់អ្នកប្រើប្រាស់ទាំងអស់ ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ» ។
តើអ្វីជាគុណភាពពិតប្រាកដនៃប្រព័ន្ធសុវត្ថិភាពដែលធ្វើឲ្យរថយន្តនេះទទួលបាននូវចំណាត់ថ្នាក់ផ្កាយ៥?
គួរបញ្ជាក់ផងដែរថា រថយន្ត Ford Mustang ស៊េរីឆ្នាំ២០១៥នេះ មានមុខងារសុវត្ថិភាពជាច្រើន ស្របទៅតាមស្តង់ដារ ដែលបានផលិត ឡើងក្នុងមុខងារសម្រាប់ការពារ អ្នកបើកបរ និងអ្នករួមដំណើរបានយ៉ាងមាន ប្រសិទ្ធភាព ខ្ពស់ ។ ប្រព័ន្ធការពារសុវត្ថិភាពដែល បានបំពាក់ ទៅលើរថយន្តនេះរួមមាន ការបំពាក់ដោយពោងសុវត្ថិភាពចំនួនពីរ ដែលមានភាពស្វាហាប់ ដោយបានរចនាឡើងភ្ជាប់ជា មួយនឹងប្រព័ន្ធរំញោចពីការប៉ះទង្គិចភ្លាមៗ ។
ទន្ទឹមនឹងនេះដែរ Mustang ក៏បានផលិតឡើងដោយបំពាក់នូវប្រព័ន្ធការពារសុវត្ថិភាពមួយចំនួនទៀត ដូចជាប្រព័ន្ធកំណត់ល្បឿននៃ ការបើកបរ (Adaptive Cruise Control) ប្រព័ន្ធផ្តល់សញ្ញាពេលមានរថយន្តមកក្បែរ (Blind Spot Information System) រួមជាមួយនឹង ឧបករណ៍សម្រាប់បញ្ជាក់ប្រាប់អ្នកបើកបរនៅក្នុង ករណីដែលមានឧបសគ្គនៅពីក្រោយ (Cross Traffic Alert) ដែលបានតភ្ជាប់ជាមួយ នឹងលេខទូរស័ព្ទ ៩១១ ជាមួយនឹងទូរស័ព្ទដៃនៅក្នុងតំបន់ដែល អាចឲ្យអ្នកបើកបរធ្វើការហៅចេញ បានភ្លាមៗនៅពេលដែលជួបនឹងគ្រោះថ្នាក់ ៕
ប្រភពមកពីដើមអំម្ពិល

0 comments:

Post a Comment