ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់អាហារូប ករណ៍ជូនសិស្សខ្មែរពីររូប ដែលដណ្តើមជ័យលាភីពីការប្រកួត «រូបវិទ្យាអូឡាំព្យាដទ្វីបអាស៊ី» លើកទី១៦ នៅប្រ ទេសចិន បន្តការសិក្សានៅថ្នាក់ឧត្តម ដូចសិស្សនិទ្ទេស A ទាំង ១១រូប កាលពីឆ្នាំ២០១៤ ដែរ ប្រសិនបើពួកគេ ប្រលងជាប់បាក់ឌុបនៅឆ្នាំនេះ។
ការប្រកាសរបស់នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឡើងក្នុងឱកាស ដែលសម្តេចបានអនុញ្ញាតឲ្យសិស្សពូកែរូបវិទ្យា ទាំងពីររូបចូលជួបសម្តែងការគួរសម និងសំណេះសំណាលនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥នេះ នាវិមាន សន្តិភាព។ សិស្សទាំងពីររូប ដែលដណ្តើមបានជ័យលាភីនាំកិត្តិយសជូនជាតិពីការប្រកួត «រូបវិទ្យាអូឡាំព្យាដ ទ្វីបអាស៊ី» ទី១. ឈ្មោះ ហេង សូវីរ៉ូ ភេទប្រុស រៀនថ្នាក់ទី១២ នៅវិទ្យាល័យបាក់ទូក ទទួលបានមេដាយសំរឹទ្ធ, ទី២. ឈ្មោះ ប្រាក់ ស៊ីវហួរ ភេទស្រី រៀនថ្នាក់ទី១២ នៅវិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបាន ពានរង្វាន់កិត្តិយស។
ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះដឹងទូទៅ លោក អ៊ឹង ង៉ោហុក ដែលបានដឹកនាំសិស្សទាំងពីររូបចូលជួប សម្តែងការគួរសម ជាមួយនាយករដ្ឋមន្រ្តីកម្ពុជានាព្រឹកមិញនេះ បានឲ្យដឹងថា សម្តេចតេជោ បានសម្តែងការ កោតសរសើរ និងជំរុញលើកទឹកចិត្តឲ្យសិស្សពូកែរូបវិទ្យាទាំងពីររូបខិតខំសិក្សាបន្តទៅទៀត ដើម្បីប្រឡងឲ្យ ជាប់សញ្ញាបត្រមធ្យមសិក្សទុតិយភូមិ (បាក់ឌុប) ឈានទៅសិក្សាថ្នាក់ឧត្តមសិក្សា។
លោក អ៊ឹង ង៉ោហុក បានមានប្រសាសន៍ឲ្យដឹងថា ក្នុងជំនួបព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស ផ្តល់អាហារូបករណ៍ដល់សិស្សពូកែរូបវិទ្យាទាំងពីររូប ឲ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាដូចសិស្សនិទ្ទេស A ទាំង ១១រូប កាលពីឆ្នាំ២០១៤ ដែរ ប្រសិនបើពួកគេប្រឡងជាប់បាក់ឌុបនៅឆ្នាំ២០១៥នេះ។
ក្រៅពីការជំរុញឲ្យខិតខំសិក្សា និងប្រកាសផ្តល់អាហារូបករណ៍ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ប្រាក់រង្វាន់ផ្ទាល់ខ្លួន ដល់សិស្សពូកែទាំង ពីររូបក្នុងម្នាក់ៗ ៣.០០០ដុល្លារ និងគ្រូដឹកនាំពីរនាក់ ម្នាក់ៗ ១.០០០ដុល្លារ។
សូមបញ្ជាក់ថា កម្ពុជា បានបញ្ជូនសិស្សពូកែរូប ៥នាក់ ទៅចូលរួមប្រកួតប្រជែង «រូបវិទ្យាអូឡាំព្យាដទ្វីបអាស៊ី» លើកទី១៦ នៅប្រទេសចិន កាលពីថ្ងៃទី៣ ដល់ទី១៥ ខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ។ ការប្រកួត «រូបវិទ្យា អូឡាំព្យាដទ្វីបអាស៊ី» ដែលមានបេក្ខជន ១៧៨នាក់ មកពី ២៥ប្រទេស ចូលរួមប្រកួតនោះ សិស្សកម្ពុជាពីររូបគឺ ហេង សូវីរ៉ូ ភេទប្រុស រៀនថ្នាក់ទី១២ នៅវិទ្យាល័យបាក់ទូក ទទួលបានមេដាយសំរឹទ្ធ រីឯកញ្ញា ប្រាក់ ស៊ីវហួរ រៀនថ្នាក់ទី១២ នៅវិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានពានរង្វាន់កិត្តិយស។
កញ្ញា ប្រាក់ ស៊ីវហួរ ក្រៅពីការដណ្តើមបានពានរង្វាន់កិត្តិយសពីការប្រកួត «រូបវិទ្យាអូឡាំព្យាដទ្វីបអាស៊ី» លើក ទី១៦ នៅប្រទេសចិន កញ្ញា ក៏ជាសិស្សពូកែរូបវិទ្យាថ្នាក់ទី១២ ទូទាំងប្រទេស ចំណាត់ថ្នាក់លេខ ៣ផងដែរ។
លោក អ៊ឹង ង៉ោហុក ក៏បានឲ្យដឹងផងដែរថា ម្ចាស់ជ័យលាភីទាំងពីររូបខាងលើ ក៏ធ្លាប់ទៅចូលរួមប្រលងជ្រើស រើសអ្នកវិទ្យាសាស្រ្តវ័យក្មេង អូឡាំព្យាដអន្តរជាតិ (International Junior Science Olympiad) លើកទី៩ កាល ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ នៅប្រទេសអ៊ីរ៉ង់ ហើយពួកគេក៏ទទួលបានមេដាយប្រាក់ម្នាក់ ១គ្រឿង ផងដែរ។ លើសពីនេះ កញ្ញា ប្រាក់ ស៊ីវហួរ ក៏ធ្លាប់ទទួលបានពានរង្វាន់កិត្តិយសផងដែរ ក្នុងការប្រឡងរូបវិទ្យាអូ ឡាំព្យាដអន្តរជាតិ (Ipho: International Physics Olympiad) លើកទី៤៥ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៤ នៅប្រទេសកាហ្សាក់ស្ថាន៕








0 comments:
Post a Comment