ភ្នំពេញ៖ អ្នកនិពន្ធ ដឹកនាំសម្ដែង គ្រប់គ្រងទូទៅក្នុងផលិតកម្ម រ៉ក់ និងជាជំនួញការ របស់លោកឧកញ៉ា គិត ធាង លោក យឹម សុសត្យា ហៅ លីម៉េង បានថ្លែងបញ្ជាក់ជាថ្មីម្ដងទៀត ជុំវិញមតិរិះគន់ថា រឿង«បងទុំ អូនទាវ» ជាប្រទេសរឿងយកលំនាំតាមរឿង«ទុំទាវ» ដែលជារឿងបែបអក្សរសិល្ប៍ ដ៏ល្បីរបស់ខ្មែរតាំងពីបុរាណ ព្រមទាំងមានឈុតឆាកមួយចំនួន ដែលធ្វើឲ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា។ លោក យឹម សុសត្យា ថ្លែងថា រឿង «បងទុំ អូនទាវ២០១៥» ជារឿងសម័យ មិនមែនបុរាណ កំប្លែងសើច មានខ្មោច ភ័យរន្ធត់ ហើយបានបង្កប់នូវស្នេហាស្មោះស្ម័គ្រភក្តី រវាងកំលោះ និងក្រមុំមួយគូ ពោលពុំបានយកលំនាំតាម ឬនិពន្ធតាមរឿងទុំទាវ នោះឡើយ។
ការថ្លែងបញ្ជាក់ជាថ្មីរបស់លោក យឹម សុសត្យា បែបនេះ គឺស្ថិតក្នុងកម្មវិធីបើកសម្ពោធបញ្ចាំងជាផ្លូវការ រឿង«បងទុំ អូនទាវ២០១៥» នៅរោងភាពយន្ត Platinum Cineplex ផ្សារទំនើប សូរីយា កាលពីថ្ងៃទី១៨ ខែឧសភាឆ្នាំ ២០១៥ ដោយមានការចូលរួមពីសំណាក់តារាសម្ដែងល្បីៗ និងទស្សនិកជនយ៉ាងច្រើនកុះករ។
លោក យឹម សុសត្យា បានបន្ថែមទៀតថា "រឿង «បងទុំ អូនទាវ ឆ្នាំ២០១៥» គឺគ្រាន់តែជាការប្រៀបធៀបតួអង្គប្រុស ដែលមានភក្តីភាពដូចទុំ ។ ឯតួអង្គស្រីប្រៀបដូចជា នាងទាវ ព្រោះអ្នកទាំងពីរស្រឡាញ់គ្នា យ៉ាងស្មោះស្ម័គ្រ តាំងពីនៅកំលោះក្រមុំ រហូតស្លាប់ទៅជាខ្មោច ក៏គ្មានអ្នកណាម្នាក់ មកបំបែកបំបាក់ ពួកគេឡើយ ។ ក្នុងន័យនេះ ទើបលោកសម្រេចដាក់ឈ្មោះតួអង្គ និងចំណងជើងថា «បងទុំ និងអូនទាវ» យ៉ាងដូច្នេះ ។ ម្យ៉ាងទៀត ជារឿងសម័យ មិនមែនបុរាណ កំប្លែងសើច មានខ្មោច ភ័យរន្ធត់ ហើយបានបង្កប់នូវស្នេហាស្មោះស្ម័គ្រភក្តី អប់រំឲ្យចេះជម្រាបសួរចាស់ទុំ និងយល់ដឹងពីអក្ខរាវិរុទ្ធថែមទៀត" ។
លោក យឹម សុសត្យា បានមានប្រសាសន៍បន្ថែមទៀតថា «ផលិតកម្មនៅតែមានឆន្ទៈក្នុងការលើកស្ទួយខែ្សភាពយន្តខ្មែរ ដូច្នេះហើយទើបយើង នៅតែបន្តការផលិតភាពយន្ត ដែលឆ្លុះបញ្ចាំងនូវគ្រប់រសជាតិនៃសង្គម ដើម្បីទទួលការគាំទ្រយ៉ាងពិត ប្រាកដពីទស្សនិជន ហើយក្នុងពេលនេះដែរ ផលិតកម្មរ៉ក់បានសម្រេចចិត្ត នាំយកខែ្សភាពយន្តរឿង "បងទុំ អូនទាវ ឆ្នាំ២០១៥" មកផលិត និងដាក់សម្ពោធយ៉ាងអធិកអធម នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥.»។
ដោយឡែកចំពោះឈុតឆាកមួយចំនួន ដូចជាត្រង់ឈុតខ្មោចលងព្រះសង្ឃ រហូតដល់ព្រះសង្ឃ រត់ឡើងលើគុម្ពឫស្សី ដែលត្រូវបានទស្សនិកជនរិះគន់ថា ប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ត្រូវបានលោក យឹម សុសត្យា បញ្ជាក់ថា ចំពោះឈុតនេះ លោកបានជួបសម្ភាសន៍ ព្រះសង្ឃជាច្រើនអង្គ ដែលមានឋានៈរហូតដល់សម្ដេចសង្ឃ និងព្រះសង្ឃធម្មតា ប៉ុន្តែព្រះសង្ឃទាំងអស់ សុទ្ធតែមានសង្ឃដីកាអះអាងថា មិនប៉ះពាល់ដល់វិស័យសាសនាអ្វីនោះទេ ពោលគ្រាន់តែជាឈុតសម្ដែងក្នុងរឿង ហើយតាំងពីដើមមក ព្រះសង្ឃក៏មានខ្មោចព្រាយ បិសាច លងបន្លាចដូចមនុស្សធម្មតាដែរ ។
សូមបញ្ជាក់ថា សម្រាប់គម្រោងចុងឆ្នាំ២០១៥ ខាងមុខនេះ ផលិតកម្មរ៉ក់ នឹងផលិតខ្សែភាពយន្តខ្នាតធំបន្ថែមទៀត ដោយបានសហការ ជាមួយអ្នកដឹកនាំរឿងបរទេស ជាច្រើនរូបរួមមាន អូស្រ្តាលី អ៊ីតាលី និង ថៃ ។ លោក ឃឹម សុសត្យា បានបង្ហើបឲ្យដឹងទៀតថា រឿង Before the Fall បានកាត់ត ដាក់ភ្លេង និងធ្វើសំទ្បេង ស៊ីរ៉ោនសោនរួចរាល់ហើយ មិនយូរទេ នឹងចាក់បញ្ចាំងនៅតាមរោងកុនក្នុងស្រុក និងបរទេស ។ ជាពិសេស គោលបំណងធំបំផុត គឺយកខ្សែភាពយន្តខ្មែរ ទៅចាក់បញ្ចាំងនៅលើទីផ្សារបរទេស ដូចជាថៃ អាមេរិក និងប្រទេសមួយចំនួនទៀតនៅអ៊ឺរ៉ុប។
ខ្សែភាពយន្តរឿង «បងទុំ អូនទាវ ឆ្នាំ២០១៥» នឹងចាក់បញ្ចាំងនៅតាមរោងភាពយន្ត Platinum Cineplex, "Major Cineplex by Cellcard" និង Legend Cinema ទាំង៣សាខា (City Mall, Tk Avenue, Steung Meanchey Market) ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ តទៅ ។ ពិធីសម្ពោធនេះ ក្រោមកិច្ចសហការ ពីរោងភាពយន្ត Platinum Cineplex ភេសជ្ជៈ Spy Wine Cooler និងក្រុមហ៊ុនថតរូបសាស្រ្តា ៕













0 comments:
Post a Comment