Tuesday, May 19, 2015

ញាក់សាច់ សត្វខ្លាឃ្មុំខាំ ស្ត្រីម្នាក់ ឲ្យរបួស រួចកាយកប់ទាំងរស់ ទុកស៊ីថ្ងៃក្រោយ

រុស្ស៊ី៖ ស្ត្រីម្នាក់ត្រូវបាន សត្វខ្លាឃ្មុំមួយក្បាល កាយកប់ទាំងរស់ ដើម្បីទុកស៊ីពេលក្រោយ បន្ទាប់ពីខ្លាឃ្មុំនោះបាន វាយប្រហារលើរូបគាត់ ឲ្យរងរបួស យ៉ាងធ្ងន់ធ្ងរ។

ស្ត្រីដែលរងគ្រោះ ដោយសារការវាយប្រហារ របស់សត្វខ្លាឃ្មុំ
ស្ត្រីរងគ្រោះ ដែលមានកូន២នាក់ ក្នុងបន្ទុករូបនោះ ឈ្មោះថា Natalya Pasternak បានរួចពីគ្រោះថ្នាក់ ក្រោយពេលដែល មិត្តភក្តិរបស់គាត់ បានរត់ចេញ ពីព្រៃដែលស្ថិតនៅ តំបន់ Amur ដើម្បីរកគេមកជួយ។ នៅពេលដែលសត្វខ្លាឃ្មុំ ខាំអ្នកស្រី Natalya ឲ្យរបួសរួចមក វាទំនងជាគិតថា គាត់បានស្លាប់ បាត់ទៅហើយ ទើបវាបានកប់គាត់ នៅខាងក្រោមគំនរ ស្លឹកឈើជាច្រើន ដើម្បីទុកត្រលប់មកស៊ី វិញ នៅពេលក្រោយ។
ក្នុងពេលដែលក្រុមសង្គ្រោះ ទៅដល់កន្លែងកើតហេតុ ខ្លាឃ្មុំបានព្យាយាម ហក់ខាំពួកគេដែរ តែដើម្បីការពារខ្លួន និងការពារជនរងគ្រោះ ក្រុមសង្គ្រោះ បានសំរេចចិត្ត បាញ់សំលាប់ខ្លាឃ្មុំញី អាយុប្រហែល៤ឆ្នាំ នោះចោលតែម្តង។ បន្ទាប់ពីសំលាប់ ខ្លាឃ្មុំមួយក្បាលនោះ រួចហើយ ក្រុមសង្គ្រោះ កត់សម្គាល់ឃើញថា ដៃស្ត្រីរងគ្រោះ ត្រូវរងរបួស និងមានហូរឈាម ដោយសារតែក្រញ៉ាំ របស់ខ្លាឃ្មុំ ហើយពួកគេ ក៏បានទាញគាត់ ចេញពីក្រោម គំនរស្លឹក និងមែកឈើនោះតែម្តង។
ស្ត្រីវ័យ៥៥ឆ្នាំខាងលើ បានរងរបួសធ្ងន់ធ្ងរ នៅស្បែកលលាដ៏ក្បាល និងភ្លៅ។ លោកវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យ Tynda មានប្រសាសន៍ថា អ្នកស្រី Natalya កំពុងស្ថិតនៅក្នុង ស្ថានភាពធ្ងន់ធ្ងរ នៅឡើយ ដោយមាន កូនទាំងពីរ របស់គាត់ នៅចាំមើលថែ នៅបន្ទប់សំរាកព្យាបាល៕

សត្វខ្លាឃ្មុំក្រោយពេលដែលបាញ់ងាប់


ក្រុមសង្គ្រោះដែលបាញ់សំលាប់ខ្លាឃ្មុំ


អ្នកស្រី Natalya Pasternak ដែលជាជនរងគ្រោះ
ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត

0 comments:

Post a Comment