Monday, May 18, 2015

សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ធ្វើទស្សនកិច្ចសិក្សា ប្រចាំឆ្នាំ២០១៥ ទៅកាន់តំបន់ភូមិភាឥសាន្ត ខេត្តមណ្ឌលគីរី

មណ្ឌលគិរី៖ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប កាលពីថ្ងៃទី១៥ ដល់ទី១៧ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនេះ បានរៀបចំដំណើរទស្សកិច្ចសិក្សា ប្រចាំឆ្នាំមួយទៅកាន់តំបន់ភូមិភាគឥសាន្តខេត្ត មណ្ឌលគីរី នៃប្រទេសកម្ពុជា ដែលមានបុគ្គលិក សាស្ត្រាចារ្យ និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរួមចំនួនជាង៣០០នាក់ ក្រោមការដឹកនាំ របស់លោក ឈឿន សាវន សាកលវិទ្យាធិការរង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
 ដំណើរទស្សនកិច្ចសិក្សានេះ គឺក្នុងគោលបំណងឲ្យនិស្សិតទាំងអស់ បានសិក្សាស្វែង យល់ពីការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅតំបន់ ភូមិភាគឥសាន្ត ខេត្តមណ្ឌលគីរី ជាពិសេស ដើម្បីឲ្យនិស្សិតដែលសិក្សាផ្នែកទេសចរណ៍ បានសិក្សាស្វែងយល់ដោយផ្ទាល់ រវាង ទ្រឹស្ត្រី និងការអនុវត្តន៍ជាក់ស្តែង ពាក់ព័ន្ធនឹងការរៀបចំអភិវឌ្ឍន៍រមណីដ្ឋានទេសចរណ៍ របៀបរៀបចំខ្សែទស្សនកិច្ច ការគ្រប់គ្រងកម្មវិធី ដំណើរកំសាន្តរបៀបរៀបចំ និងការបែង ចែកកញ្ចប់សេវាកម្ម និងការស្វែងយល់ពីរបៀបនៃការរៀបចំសេវាកម្មហូបចុក និងស្នាក់នៅ របស់ជនជាតិភាគតិចនៅតំបន់នោះជាដើម។
នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមនិស្សិតទាំងអស់ បានចុះសិក្សាស្វែងយល់ នៅតាមរមណីយដ្ឋានជាច្រើនដូចជា ខេត្តត្បូងឃ្មុំ ចំការកៅស៊ួ ស្រុកមេមត់ ស្រុកស្នួល ស្តូបអនុស្សាវរីយ៏២ធ្នូ ផ្ទះជនជាតិភាគតិច(ភូមិពន្លូង) ទឹកជ្រោះប៊ូស្រា ទឹកជ្រោះអូរប្លាយ ចំការកាហ្វេ សមុទ្រឈើ ភ្នំដោះក្រមុំ ផ្ទះសំណាក់ ជនជាតិភាគតិច រមណីយ៍ដ្ឋានអូរមីស និង ទីរួមខេត្តមណ្ឌលគីរីជាដើម។ នៅតាមគោលដៅ ទស្សនកិច្ចនីមួយៗ ក្រុមនិស្សិត ទាំងអស់ ក៍បានខិតខំសិក្សាស្វែងយល់ពីដំណើរការនៃការរៀបចំ និងការគ្រប់គ្រង និង ជួបសម្ភាសន៍ ជាមួយគ្រប់គ្រងតាម រមណីយដ្ឋាន និងជាមួយជនជាតិភាគតិចមួយចំនួន ផងដែរ។ ជាមួយគ្នានេះក្រុមនិស្សិតទាំងអស់ក៍បានសហការគ្នារៀបចំនូវការងារសង្គម មួយចំនួនផងដែរ ដូចជា ផ្តល់នូវការលើកទឹកតាមរយៈថវិការៃអង្គាស របស់និស្សិត ដល់ កុមារជនជាតិភាគតិច និង ការចូលរួមចំណែក សំអាតបរិស្ថាន ជាដើម។
ជាមួយគ្នានេះលោក ឈឿន សាវន ប្រធានប្រតិភូ បានមានប្រសាសន៍ផងដែរថា ដើម្បីពង្រឹងគុណភាពសិក្សាដល់និស្សិត ក្រៅពីការសិក្សា ក្នុងថ្នាក់ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែខិតខំទំនាក់ទំនងគ្រប់បែបយ៉ាងដើម្បីស្វែងរកដៃគូ ក្រុមហ៊ុនឬស្ថាប័នផ្សេងៗដើម្បី ឲ្យនិស្សិតបានចុះកម្មសិក្សាដោយផ្ទាល់ ជាក់ស្តែងដូចជា នៅក្នុងដំណើរទស្សនកិច្ច សិក្សានេះ ក្រៅពីចុះសិក្សានៅតាមរមណីយដ្ឋានទាំងអស់ ដូចបានរៀបរាប់ខាងលើ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៍បានអញ្ជើញមគ្គុទេសក៍ទេសចរណ៍ និងអ្នកជំនាញ ទេសចរណ៍ មកធ្វើបទបង្ហាញស្តីពីការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តមណ្ឌលគីរី ដល់ក្រុមនិស្សិតរបស់ យើងទាំងអស់ ផងដែរ៕

0 comments:

Post a Comment