Tuesday, July 7, 2015

សិង្ហបុរី លត់​​ម្ចាស់​ផ្ទះកម្ពុជា​ ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​​រាប់​ម៉ឺន​នាក់


ក្រុមអ្នកគាំទ្រ​ មកទស្សនាផ្ទាល់នៅស្តាតអូឡាំពិក

​វាគឺជា​រឿង​នឹក​ស្មាន​មិនដល់ដែល​ក្រុមជម្រើស​ជាតិ​ឈុតធំ​កម្ពុជា ត្រូវ​ក្រុម​​​ប្រទេស​សិង្ហបុរីលត់​យ៉ាង​ចាស់​ដៃ​រហូត​ដល់​​​​៤-០ នៅ​លើ​ទឹក​ដី​ខ្លួនឯង ​​ក្នុងវគ្គ​ជម្រុះ​​ជុំទី​២ សម្រាប់កា​រប្រកួត​ឆ្ពោះ​ទៅ​កាន់​​​ព្រឹត្តិការណ៍​​​World Cup រុស្ស៊ី​  កាល​ពី​យប់​ថ្ងៃ​​​​​ព្រហស្បតិ៍​ទី​១១ ខែមិថុនា​ ។ ​លទ្ធផល​នេះធ្វើ​ឲ្យ​អ្នក​គាំទ្រ​ដែល​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​​មិ​ន​តិច​ជាង​​៦​ម៉ឺន​នាក់ដែល​សម្រុក​ទៅ​ទស្សនា​ផ្ទាល់​នៅស្តាតអូឡាំពិកខក​ចិត្ត​។
​​កា​រប្រកួត​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​​​មនុស្ស​កក​កុញ​ ដែល​អាច​ចាត់ទុក​ថា​ជា​ប្រវត្តិ​សាស្រ្ត​​​លើក​ដំបូង​របស់​កម្ពុជា ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ហួ​ស​ពី​ការ​ស្មាន ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ​កន្លែង​សម្រាប់​ភ្ញៀវ​​ទស្សនា​ចំនួន​​៥៥០០០​​កៅអី ​​ត្រូវ​គេ​ឃើញ​​អង្គុយ​ពេញ ​​ខណៈដែល​​​​អ្នក​​ឈរ​​គ្មាន​កន្លែង​អង្គុយ ក៏​​​មាន​ស​ភាព​ច្រូង​ច្រាង​​​រាប់​ពាន់​នាក់ និង​ហៀរហូរ​ពេញ​បរិវេណ​ស្ដាត​អូឡាំពិក​តែ​ម្ដង​។ មិន​មាន​​​តួ​លេខ​ពិត​ប្រាកដ​​ពី​​​ចំនួន​មនុស្ស​ដែល​​ទៅ​បង្ហាញ​ខ្លួន​នៅ​ក្នុង​​ព្រឹត្តិការណ៍​នា​យប់​នោះ​ទេ ដោយ​គ្រាន់តែមាន​ការ​ប៉ាន់​ស្មាន​ថា​​​ហោច​ណាស់​​ក៏​ជាង​​៦ម៉ឺន​នាក់ ដោយ​សារ​តែ​​​បរិវេណ​ទីលាន​ដែល​ផ្ទុក​មនុស្ស​​​​​​​​​បាន​​៥​​៥០០០​នាក់ ​ត្រូវ​អស់​កៅអី។
​យោង​តាម​ការ​​បញ្ជាក់​​ក្រៅ​ផ្លូវ​ការ​ពី​អ្នក​រៀប​ចំ មនុស្ស​ដែល​ទៅ​ទស្សនា​កា​រប្រកួត​រវាង​​​​ក្រុម​កម្ពុជា និង​ក្រុម​សិង្ហបុរី​​ គឺ​​​១០​ម៉ឺន​នាក់ឯណោះ ដោយ​សារ​តែ​​នៅ​ខាង​ក្រៅ​លាន​ប្រកួត​​ដែល​​អាច​មើលឃើញ​​​​តារាង​បាល់​ ស្ថិត​​ ក្នុង​បរិវេណ​​ស្ដាត​អូឡាំពិក​​សុទ្ធ​តែ​កក​កុញ​ដោយ​មនុស្ស​ម្នា ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​​កន្លែង​​ឈរ​ទស្សនា​​។ ទោះតួលេខ​ដែល​​បាន​ប៉ាន់​ស្មាន ស្ថិត​នៅ​ក្នុង​ភាព​ខុស​គ្នា​​​​ ​ក៏​​​​​​​​ចំនួន​មនុស្ស​ដែល​បាន​ប្រមូល​ផ្ដុំ​​នោះ ត្រូវ​គេ​ចាត់​ទុក​ថា​​ជា​ចំនួន​ច្រើន​បំផុតសម្រាប់​ព្រឹត្តិការណ៍​កីឡា​ដែល​បាន​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​រយៈ​ពេ​ល​ចុង​ក្រោយ​។ ​​​​ក្រុម​អ្នកទស្សនា​ទាំង​នោះ មិន​ត្រឹមតែ​បាន​ចំណាយ​ប្រាក់​​​ និង​ចំណាយ​ពេល​មក​គាំទ្រ​​​ដល់ទីតាំង​ប្រកួត​ប៉ុណ្ណោះ​ទេ ភាគ​ច្រើន​​នៃ​ពួក​គេ​ក៏ធ្វើ​សកម្មភាព​ លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ​កម្ពុជា​ប្រកប​ដោយ​ភាព​រស់​រវើក​​​ផង​ដែរ​។ ​​មិន​អន់​ជាង​​ក្រុម​អ្នក​គាំទ្រ​​បាល់​ទាត់​របស់​​បណ្ដា​ប្រទេស​រីក​ចម្រើន​ ​​​យុវវ័យ​កម្ពុជា​​​ក៏​បាន​​គូស​​រូប​ទង់​ជាតិ​​នៅ​លើ​ផ្ទៃ​មុខ និង​ ​បិទ​ ឬ​ឆ្លាក់​រូប​ទង់​ជាតិ​​​​នៅ​លើ​ថ្ពាល់ ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ពី​ទំហំ​គាំទ្រ​ចំពោះវិស័យ​បាល់​ទាត់​ជាតិ​ថា​​មាន​កម្រិត​រីក​ចម្រើន​​គួរ​ឲ្យ​សរសើរ​​។ ​​​​​ក្រុម​ខ្លះ​បាន​ទាំង​​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ទិញ​ឯកសណ្ឋាន​​​​ដូច​ក្រុម​​បាល់​ទាត់​កម្ពុជា និង​​​​​​​​លើក​ត្រដាង​ទង់​ជាតិ អម​ដោយ​ការ​​បន្ទ​រ​សំឡេង​ហ៊ោកញ្ជ្រៀវ ​ ​តាំង​ពី​កា​រប្រកួត​មិន​ទាន់​ចាប់​ផ្ដើម។ អ្នក​គាំទ្រ​ខ្លះបាន​ស្ពាយ​​​​ឧបករណ៍​​ឧគ្ឃោសនាសព្ទ​ជាប់​ខ្នង ​ដើម្បី​​​បន្លឺ​សំឡេង​​​គាំទ្រ​ឲ្យ​​​សាយ​ភាយ​​​បាន​កាន់​តែ​ឆ្ងាយ​។ ​សូម្បី​សំឡេង​ទះ​ដៃ ក៏​ត្រូវ​គេ​​ឮ​បន្លឺ​ជា​ចង្វាក់​ភ្លេង ​​រំលេចដោយ​ការ​ច្រៀង​រាំ​​យ៉ាង​កង​រំពង​។ ​
ក្នុង​ពេល​កា​រប្រកួត​ហៀប​ចាប់​ផ្ដើម ​អ្នក​មាន​ទូរសព្ទ​ស៊េរី​ទំនើប​គ្រប់​ដៃ បាន​​​​​​​រំលេច​ភ្លើង​ពិល​​ធ្វើ​ឲ្យ​សាល​កីឡា​ករ​ទាំង​មូល ​​​អណ្ដែង​ដោយ​ពន្លឺ​ភ្លើង​ពិល មាន​សភាព​មិន​ខុស​ពី​​​​កម្រង​ផ្កាយ លម្អ​​ទីលាន​ប្រកួត​។ ក្រុម​អ្នក​គាំទ្រ​​ទាំង​នេះ ​មិន​មាន​សភាព​​នឿយ​ហត់​នោះ​ទេ ​បើ​ទោះ​ជា​ពួក​គេ​ម្នាក់​ខ្លះ​លើក​ក្រវី​ទង់​ជាតិ ខ្លះ​​ច្រៀង​រាំ ​ខ្លះ​​លោត​កញ្ជ្រោល​ និង​ភាគ​ច្រើន​គឺស្រែក​​​​បន្ទរ ដើម្បី​​​​​​ចង់​ឲ្យ​កីឡាករ​កម្ពុជា បាន​ឮ​ និង​មាន​កម្លាំង​ចិត្ត​​​​​​សម្រាប់​ការ​ប្រកួត​ក្ដី​។ ​ប៉ុន្តែ​​​សន្ទុះ​ដែល​បាន​លេច​ឡើង ត្រូវ​គេ​ឃើញ​​​ប្រែ​ប្រួលបន្តិច​ម្ដង​ៗ បន្ទាប់​ពី​​​ក្រុម​បាល់​ទាត់​​សិង្ហបុរី ​ដែល​ជា​ភ្ញៀវ​​​​ដំបូង​​គេសម្រាប់​វគ្គ​ជម្រុះ​​World Cup​ នេះ ​ស៊ុត​ចូល​ទី​កម្ពុជា​មួយ​គ្រាប់​ហើយ​មួយ​គ្រាប់​ទៀត រហូត​ដល់​៣គ្រាប់ ក្នុង​​ត​ង់​ទី​១​។ ​​នៅ​​ក្នុង​ម៉ោង​សម្រាក ​​ក្រុម​អ្នក​គាំទ្រ​ភាគ​ច្រើន នៅ​តែ​បន្ត​ច្រៀង​រាំ និង​​បន្លឺ​​ឧគ្ឃោសនាសព្ទ ​ព្រម​ជា​មួយ​​​​ក្ដី​សង្ឃឹម​ថា​​ក្រុម​កម្ពុជានឹង​​​មាន​​លទ្ធភាព​តាម​យក​គ្រាប់​បាល់​មក​វិញនៅ​តង់​ទី​២​។ ​​

កញ្ញា ​ពេជ្រ សោភា ដែល​ជាតារា​ចម្រៀង​ប្រចាំ​​​ហង្ស​មាស ​ត្រូវ​គេ​ឃើញ​ចុះ​ទៅ​ដល់​តារា​​ងធំ​​​ ​ដើម្បី​លេង​បាល់ និង​​បាន​ប្រកាស​ដាក់​ក្បាល​មេក្រូ សូម​ឲ្យ​ក្រុម​កម្ពុជា​​​មាន​សំណាង​សម្រាប់​ការ​ប្រកួត​​​នោះ​ផង​។ សំឡេង​គាំទ្រ​​​​ត្រូវ​គេ​ឮ​បន្ទរជា​បន្តបន្ទាប់​ ​​ ​​​ដើម្បី​បង្កើន​សន្ទុះ​ឲ្យ​កីឡាករ​កម្ពុជា​សម្រាប់​​​​កា​រប្រកួត​នៅ​​៤៥​នាទី​​វគ្គ​បន្ទាប់​។ យ៉ាង​ណា​ក៏​ដោយ ក្រុម​បាល់​ទាត់​កម្ពុជា ​​នៅ​តែធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង ជា​មួយ​​ទម្រង់​​លេង​​មិន​សូវ​ល្អ​។
​​លទ្ធផល​៤-០ ​ដែល​ក្រុម​សិង្ហបុរី​ស៊ី​ក្រុម​​កម្ពុជា គឺ​ជា​អ្វី​ដែល​ក្រុម​ម្ចាស់​ផ្ទះ និង​អ្នកគាំទ្រ​ទទួល​ភាព​ជូរ​ចត់​។​ អ្នក​ទស្សនា​ភាគ​ច្រើន​បាន​រិះ​គន់​ពីទម្រង់លេង​របស់​​កម្ពុជា សម្រាប់​ការ​ប្រកួត​ជើង​ទី​១​នោះ ​ ​ដោយ​សូម្បី​តែ​ការ​​គ្រប់​គ្រង​​បាល់​ក៏​មិន​សូវ​ល្អ រីឯការ​​បោះ​បាល់​ឲ្យ​គ្នា ក៏​មាន​ចំណុច​មិន​​ស៊ី​សង្វាក់​គ្នា​។ ធៀប​នឹង​កាល​លេង​មិត្ត​ភាព​​ជាមួយ​ឡាវ និង​​​​​មីយ៉ាន់​ម៉ា ទម្រង់​លេង​របស់​​កម្ពុជា​​លើក​នេះ គឺ​​ផ្ទុយ​ស្រឡះ​ដាច់​ឆ្ងាយ​​។
​លោក ​Kazunori Ohara គ្រូ​បង្វឹក​បាល់ទាត់​​ជា​ជន​ជាតិ​ជប៉ុនរបស់​កម្ពុជាបាន​សម្ដែង​ឲ្យ​ឃើញ​នូវ​ការ​​ខក​ចិត្ត​ដូច​គ្នា នៅពេល​ប្រកួត​ចប់ ​តាម​រយៈ​​ការ​ស្ដី​បន្ទោស​ទៅ​​លើ​កីឡាករ​របស់​ខ្លួន ថា​លេង​មិន​ល្អ និង​ដូច​មិន​មាន​អារម្មណ៍​ក្នុង​ពេល​ប្រកួត​នោះ​។
នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ខាង​មុខនេះ​ កម្ពុជា​នឹង​ឡើង​ទៅ​លេង​ជើង​ទី​២ នៅ​ប្រទេស​សិង្ហបុរី​វិញ។ វគ្គ​ជម្រុះ​បន្ត​បន្ទាប់ គឺ​ប៉ះ​ជាមួយ​ប្រទេស​​​​អាហ្គានីស្ថាន ស៊ីរី និង​ប្រទេស​ជប៉ុន ​​ដោយមួយ​ជើង​ប្រកួត​ក្នុង​ស្រុក និង​មួយ​ជើង​នៅ​​ក្រៅ​ទឹក​​ដី​​បែប​នេះ​ដូច​គ្នា​។ ​លទ្ធផល​៤-០ ចាញ់​​ក្រុម​​សិង្ហបុរី ​​​ធ្វើ​ឲ្យ​ឱកាស​ជម្រុះ​​ពូល​របស់​កម្ពុជា  ​មាន​​​​​​​មិន​ច្រើន​​នោះ​ទេ ដោយ​សារ​តែ​ក្រុម​​​៣​ទៀត សុទ្ធ​តែ​មាន​​​​កម្រិត​បាល់​ទាត់​ល្អ​ជាង​សិង្ហបុរី៕

0 comments:

Post a Comment